ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃ សុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ។
ក្នុងកិច្ចប្រជុំដែរ បានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុផែនលោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង ស្រុកទង ០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទង ៥១ប៉ុស្តិ៍ សរុបប្រមាណ ១៨៨នាក់ ស្រី ១២នាក់។
កិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក ឆន សំអុល នាយការិយាល័យសរុបផែនការ អានរបាយការណ៍សង្ខេបស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ តុលា ឆ្នាំ ២០២៤ ជូនគណៈអធិបតី និងសមាជិកនៃអង្គពិធី។
លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ ធ្វើបទបង្ហាញស្តីពីផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យអ៊ុទូក និងផែនការយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំ (២០២៤-២០២៩) របស់ក្រសួងមហាផ្ទៃ ជូនគណៈអធិបតី និងសមាជិកនៃអង្គពិធី។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានផ្តល់កិត្តិយសចែកជូនលិខិតសរសើរ និងសៀវភៅផែនការរយៈពេល ៥ ឆ្នាំ (២០២៤-២០២៩) របស់ក្រសួងមហាផ្ទៃ ដល់នាយនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចំនួន ៥៩ រូប ។
កិច្ចបន្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញមានប្រសាសន៍ដឹកនាំ និងមតិបូកសរុបជូនសមាជិកនៃអង្គពិធីដូចខាងក្រោម៖ លោកបានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានល្អ និងបានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់បន្តដឹកនាំក្តាប់សភាពការណ៍ ក្តាប់មុខសញ្ញាល្មើសគ្រប់រូបភាពដើម្បីងាយស្រួលក្នុងការ បង្ការបង្រ្កាប និងទប់ស្កាត់ឲ្យទាន់ពេលនៅក្នុងភូមិសាស្រ្តខេត្ត និងបន្តអនុវត្តផែនការសកម្មភាពរបស់ស្នងការដ្ឋានឲ្យបានល្អប្រសើរ៕