បាត់ដំបង៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦និង១០នាទី ស្ថិតនៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងត្រាក់ទ័រ និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ មានត្រាក់ទ័រម៉ាកហ្វ័ត ពណ៍ខៀវ អ្នកបើកបរត្រាក់ទ័រមិនស្គាល់អត្តិសញ្ញាណបានរត់គេចខ្លួន ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូម៉ាកវេវ ពណ៍ក្រហមខៀវ ពាក់ស្លាកលេខ បាត់ដំបង 1Y-3154 អ្នកបើកបរម៉ូតូឈ្មោះ ខឹម ពឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នឹងកន្លែងកើតហេតុ) ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ៖ អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលអោយជ្រុលទៅបុកផាលត្រាក់ទ័រពីក្រោយ ពេញទំហឹងតែម្ដង ។
បច្ចុប្បន្ន នគរបាលស្រុកភ្នំព្រឹក កំពុងស្វែងរកជនបង្ក និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំព្រឹក ដើម្បីដោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕