រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន បានអញ្ជើញត្រួតពិនិត្យកងកម្លាំង ទាំង០២ផែន សរុបចំនួន ២៥០នាក់ រួមមាន កងកម្លាំងនាយកដ្ឋាននគរបាលការពារ , កងកម្លាំងអង្គភាពតម្រួតបទបញ្ជា , កងកម្លាំងអង្គភាពអន្តរាគមន៍ពិសេស , កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើហ្វឹកហាត់សមរួមគ្នា ដើម្បីត្រៀមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។
កងកម្លាំងនគរបាលជាតិ ទាំង ០២ផែន បានធ្វើការហាត់សមរួមគ្នា ដើម្បីឲ្យមានការឯកភាពគ្នាលើការបញ្ជាដឹកនាំកម្លាំង សំដៅចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ៕