រាជធានីភ្នំពេញ ៖ ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារពាក់ព័ន្ធ នឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារបន្តរួមគ្នាថែរក្សាស្ថានភាពល្អនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។
ភ្ជាប់នឹងការណែនាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលចុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បានខិតខំដោះស្រាយការងារជាក់ស្ដែងជាច្រើន រហូតឈានដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់។
នៅព្រឹកមិញ សមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) សម្រាប់សហការជាមួយអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា មានចំនួន១៧រូប។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន៨រូប ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ជាអនុប្រធានអចិន្រ្តៃយ៍។ ក្រុមការងារនេះមានលេខាធិការដ្ឋានជាសេនាធិការ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា។ តួនាទី និងភារកិច្ចនៃយន្តការនេះ មានកំណត់ក្នុងប្រកាសក្រសួងមហាផ្ទៃ លេខ៣៩២៥ ស.ស.រ.។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ ឱ្យក្រុមការងារបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិធីសាស្រ្តថ្មីៗក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យលេខាធិការដ្ឋាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយឱ្យបានច្បាស់លាស់ជាមួយស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងត្រៀមសហការជាមួយអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពនៅឆ្នាំខាងមុខ៕