ទីក្រុងគួនមីញ ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ សហការជាមួយមជ្ឈមណ្ឌលសហប្រត្តិបត្តិការសន្តិសុខ និងសមាហរណកម្មច្បាប់ មេគង្គ-ឡានឆាង (LMLECC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៅទីក្រុងគួនមីញ ខេត្តយូណាន នៃសធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលមានសិក្ខាកាម ជាមន្ត្រីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រចំនួន ២០រូបុំ
វគ្គបណ្តុះបណ្តាលសិក្សាទៅលើមេរៀនរួមមាន៖
-ការវិភាគបំណែកDNAជំនាញកោសល្យវិច័យ
-ការរកឃើញ ការស្រង់យក ការរក្សាទុក និងធ្វើកោសល្យវិច័យសម្រាប់ភស្តុតាងជីវសាស្រ្ត
-ការធ្វើតេស្តDNA ដែលបន្សល់ទុកដោយការប៉ះ -ការធ្វើតេស្តDNAនៃសំណាកឆ្អឹង និងធ្មេញ
-ការណែនាំអំពីឧបករណ៍ស្រង់យកអាស៊ីតនុយក្លេអ៊ីកដោយស្វ័យសំយោគ
-ការពិសោធន៍ ស្រង់យកសំណាកឆ្អឹង និងធ្មេញ – ការវិភាគ និងបកស្រាយលទ្ធផលធ្វើតេស្តDNA
-ការណែនាំអំពីប្រព័ន្ធគ្រប់គ្រងបន្ទប់ពិសោធន៍ LIMS -ការពិសោធន៍ អេឡិចត្រូហ្វីរ៉ូក្រាម និងការវិភាគទិន្នន័យ
-ការណែនាំអំពីឧបករណ៍វិភាគហ្សែនDNA និងការថែរក្សាប្រចាំថ្ងៃ
-ឧបករណ៍សម្រាប់បច្ចេកវិទ្យាធ្វើតេស្តDNA និងគម្រោងប្រតិបត្តិ
សូមជម្រាបថា ខ្លឹមសារមេរៀនខាងលើនេះ ត្រូវបានបណ្តុះបណ្តាលដោយគ្រូឧទ្ទេសនាមមកពីមជ្ឈមណ្ឌលកោសល្យវិច័យ និងវិទ្យាស្ថានស្រាវជ្រាវទី១ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងពិធីបើក-បិទវគ្គបណ្តុះបណ្តាលនោះដែរ លោកឧត្តមសេនីយ៍ទោ លី ដាវុធ អគ្គលេខាធិការរង និងជាតំណាងឯកឧត្តម YOU XIAOWEN អគ្គលេខាធិការ នៃ LMLECC បានសម្តែងនូវសេចក្តីសោមនរីករាយដល់បណ្ឌិត្យសភានគរបាលខេត្តយូណាន និងគ្រូឧទ្ទេសនាម មកពីវិទ្យាស្ថានស្រាវជ្រាវទី១ ដែលបានចែករំលែកបទពិសោធន៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា លើមុខជំនាញ DNA និងបានកោតសរសើរពីភាពជោគជ័យរបស់មន្ទីរពិសោធន៍ DNA ដែលជាជំនួយរបស់ LMLECC ជូនអគ្គស្នងការនគរបាលជាតិ ដែលបានធ្វើកោសល្យវិច័យសម្រេចបានលទ្ធផលគួរជាទីមោទន ហើយមជ្ឈមណ្ឌល LMLECC ក៏បានផ្តល់នូវឧបករណ៍សម្រាប់បំបែកឆ្អឹង និងធ្មេញសម្រាប់ការធ្វើកោសល្យវិច័យDNA និងសម្ភារៈមួយចំនួនទៀត ដើម្បីបម្រើដល់ការងារស៊ើបអង្កេតកន្លែងកើតហេតុ និងការប្រមូលចាប់យកវេចខ្ចប់ ដឹកជញ្ជូនសំណាក DNA ទៅកាន់មន្ទីរពិសោធន៍ អោយកាន់តែមានភាពងាយស្រួលស្របតាមបទដ្ឋានបច្ចេកទេស។
នៅចុងបញ្ចប់ លោកឧត្តមសេនីយន៍ត្រី ចាន់ ស៊ុន តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានថ្លែងអំណរគុណដល់ LMLECC និងគ្រូឧទ្ទេសនាមទាំងអស់ ព្រមទាំងសំណូមពរទៅមជ្ឈមណ្ឌលLMLECC អោយបន្តជួយឧបត្ថម្ភឧបករណ៍សម្ភារៈបច្ចេកទេស ជាពិសេសប្រពន្ធ័គ្រប់គ្រង និងប្រៀបធៀបទិន្នន័យ DNA និងស្នើសុំអោយមានការបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA ក្នុងមួយឆ្នាំចំនួន ២វគ្គ៕