ខេត្តបាត់ដំបង ៖ នភរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់ និងបង្រ្កាបបាតុកម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រីស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ និងនាយរងការិយាល័យ មន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀត ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានមានប្រសាសន៍ថា ៖ កងអនុសេនាធំនេះមានកងអនុសេនាតូចចំនួន ០៣កងចំណុះ ហេីយកម្លាំងនេះមានភារកិច្ចស្នូលគឺថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តបាត់ដំបងទាំងមូល រស់នៅដោយក្តីសុខសាន្ត ក្នុងនោះត្រូវមានវិធានការបង្ការទប់ស្កាត់រាល់ការប្រមូលផ្តុំ ឬបាតុកម្មដោយខុសច្បាប់នានា ក្រៅពីនោះក៏ជាកងកម្លាំងអន្តរាគមន៍សម្រាប់ចេញប្រតិបត្តិការភ្លាមៗ ក្នុងពេលដែលមានគ្រោះមហន្តរាយណាមួយកេីតឡេីង ដូចជាករណីគ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ គ្រោះអគ្គិភ័យ ឬករណីរាំងស្ងួចខ្លាំងដែលត្រូវចេញជួយសង្រ្គោះ និងដោះស្រាយភ្លាមៗក្នុងមូលដ្ឋាននោះ។
លោកស្នងការបន្តថា កងកម្លាំងយេីងត្រូវបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្នុងនោះត្រូវបានបំពាក់ដោយមធ្យោបាយសម្ភារៈ បរិក្ខាគ្រប់គ្រាន់សម្រាប់ចេញធ្វេីសកម្មភាពឆ្លេីយតបតាមតម្រូវការ និងស្ថានភាពជាក់ស្តែង ហេីយកងកម្លាំងត្រូវធ្វេីការហាត់ហ្វឹកហ្វឺនអំពីយុទ្ធវិធីនិងវិធាននានាក្នុងពេលចេញអន្តរាគមន៍ សមស្របនឹងបញ្ហាដែលកេីតមាន ហេីយត្រូវគោរពវិន័យ ចាត់តាំងឱ្យបានល្អ ចៀសវាងនូវបាតុភាពអសកម្មណាមួយកេីតឡេីងក្នុងពេលបំពេញភារកិច្ច៕