រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ក្នុងឆ្នាំ២០២៣ និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញទៅចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤២ (42th ASEANAPOL CONFERENCE) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណៃពីដោ សាធារណរដ្ឋ នៃសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។
កិច្ចប្រជុំអាស៊ានណាប៉ូលប្រចាំឆ្នាំ ជាវេទិការរបស់ប្រធាននគរបាលជាតិប្រទេសជាសមាជិកអាស៊ាន ដើម្បីជួបពិភាក្សាផ្លាស់ប្តូរយោបល់ និងដកពិសោធន៍ការងារអំពីគ្នាទៅវិញទៅមក ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសឆ្លងដែនដែលកំពុងមានកំណើនកើនឡើងនៅក្នុងតំបន់ក៏ដូចជាសកលលោក និងដើម្បីរិះរកវិធីដោះស្រាយធ្វើការបង្កើតយន្តការបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ និងរឹងមាំ ធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខនៅក្នុងតំបន់អាស៊ានទាំងមូល៕