General Commissariat of National Police
.

២សប្តាហ៍មកនេះ ករណីក្មេងទំនើងមានតិចបំផុតនៅទូទាំងប្រទេស !

Loading

រាជធានីភ្នំពេញ ៖ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែតុលា ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ និងស្ទើរតែគ្មានករណីណាកើតឡើងទាល់តែសោះ និយាយរួមគឺមានត្រឹមជាង១០ ករណីតែប៉ុណ្ណោះ ហើយក៏គ្មានការរំខានណាមួយដល់ប្រជាពលរដ្ឋដែរ។   នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះជាលទ្ធផលមួយគួរឱ្យស្ងប់ស្ងែងជាទីបំផុត ហើយជាមូលហេតុមួយ ដែលបណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន និងជ្រួតជ្រាបនូវអ្វីដែលជាផលចំណេញ ស្វែងរកនូវចំណេះជំនាញ ដើម្បីបំពេញតម្រូវការរបស់ខ្លួន ដោយបានងាកទៅអនុវត្តការងារដែលត្រឹមត្រូវ ប្រព្រឹត្តនូវទង្វើល្អៗ ដែលជាប្រយោជន៍ដល់គ្រួសារ និងប្រទេសជាតិ។

លោកបន្ថែមថា នេះគឺជាប្រការមួយដ៏ល្អ ក្នុងការចូលរួម ស្តាប់បង្គាប់ និងអនុវត្តតាមការណែនាំ របស់ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ជំរុញឱ្យអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

បើតាមលោកបណ្ឌិត ទូច សុឃៈ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គឺបានបញ្ជាក់ពីឥទ្ធិពលនៃការផ្សព្វផ្សាយគោលនយោបាយ-ភូម-ឃុំ-សង្កាត់-មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល កំពុងរីកដុះដាលជាខ្លាំង និងទទួលលទ្ធផលគួរជាទីគាប់ប្រសើរ ក្នុងនោះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។

ឆ្លើយតបទៅនឹងគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាពចំនួន៦ ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការ និងបង្រ្កាប នូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕