ខេត្តតាកែវ៖ នៅរសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ ព្រមទាំងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) ថវិការបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិចំនួន២.០០០.០០០៛(ពីរលានរៀល) ថវិការបស់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តចំនួន៥០០.០០០៛(ហាសិបមុឺនរៀល) ព្រមទាំងគ្រឿងឧបភោគ បរិភោគ មានអង្ករចំនួន១០០គីឡូក្រាម ជូនដល់លោកស្រី ឡុង ស្រី ត្រូវជាភរិយាសពលោកវរសេនីយ៍ត្រី ស៊ាង ដារ៉ា ឋានៈ នាយផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកបូរីជលសារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១៣ និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយជម្ងឺ(បេះដូង និងលើសឈាម) ស្ថិតនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តនិងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕