ខេត្តមណ្ឌលគីរី ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី បិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាន នាយកដ្ឋាន បច្ចេកទេសនិងវិទ្យាសាស្រ្ត, លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី, លោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន ប្រធានមន្ទីរពិសោធន៍កោសល្យវិច័យ DNA នាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្រ្ត , លោកវេជ្ជបណ្ឌិត ឡឹម តិចឡុង អនុប្រធានមន្ទីរសុខាភិបាល, លោកស្នងការរង តំណាងស្នងការនគរបាលខេត្តទាំង៤ (ក្រចេះ, រតនះគីរី, ស្ទឹងត្រែង, ត្បូងឃ្មុំ), លោកស្នងការរង នាយការិយាល័យ និងមន្ត្រីជំនាញទាំងអស់។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ សូមសំដែងនូវទឹកចិត្តរំភើបរីករាយចំពោះការអញ្ជើញចូលរួមដ៏ឧត្តុង្គឧត្តមរបស់គណៈអធិបតី កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA ដែលកំពុងប្រព្រឹត្តនាពេលនេះ ។
ឯកឧត្តម សូមឯកភាពតាមរបាយការណ៍លទ្ធផលវគ្គសិក្សាដែលលោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន បានរាយកាណ៍ជូនអង្គពិធីមុននេះ ជាពិសេស គ្រូបង្គោលបានលើកយកខ្លឹមសារមេរៀនសំខាន់ៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៃមូលដ្ឋានគ្រឹះមុខជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្នុងការការពារគ្រប់គ្រងកន្លែងកើតហេតុ ដើម្បីថែរក្សាស្លាកស្នាមវត្ថុតាងនៅកន្លែងកើតហេតុ, ថតរូបជនសង្ស័យ, ថតវត្ថុតាង, ការកសាងសំណុំឯកសារករណី និងបានផ្តល់ចំណេះដឹងនូវវិធីសាស្ត្រក្នុងការស្វែងរក ប្រមូលចាប់យក និងវិភាគ សំណាក DNA។
ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បន្តថា ផ្អែកតាមលទ្ធផលនៃការសិក្សារបស់សិក្ខាកាមចំនួន៥៨រូបនេះបញ្ជាក់ឲ្យឃើញថា សិក្ខាកាមពិតជាខិតខំយកចិត្តទុកដាក់រៀនសូត្រអស់ពីកម្លាំងកាយចិត្ត ស្វែងយល់អំពីមុខជំនាញ និងបទពិសោធន៍ថ្មីដែលលោកគ្រូបានចែករំលែក លទ្ធផលនេះបានបញ្ជាក់នូវសកម្មភាពមូលដ្ឋានគ្រឹះរឹងមាំ និងមានប្រសិទ្ធភាពសុក្រិតបំផុត ។
ឯកឧត្តមបន្តថា ដើម្បីឲ្យការអនុវត្តជំនាញបានរឹងមាំ ល្អប្រសើរ ប្រសិទ្ធភាពបន្ថែមទៀត អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញគោលការណ៍ ១០ចំណុច សំរាប់យកទៅនុវត្តដូចខាងក្រោម ៖
១.តំកល់ឯកសារមេរៀនទុកនៅស្នងការដ្ឋាននគរបាលខេត្តទាំង០៥ ដែលបានបណ្តុះបណ្តាលរួចរួមមាន៖ មណ្ឌលគីរី, ក្រចេះ,ស្ទឹងត្រែង,រតនគីរី,ត្បូងឃ្មុំ ។
២.ត្រូវយកចំណេះជំនាញ ដែលបានសិក្សាទៅអនុវត្តការងារឲ្យមានប្រសិទ្ធភាពបំផុត។
៣.ត្រូវណែនាំ-ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់មន្ត្រីនគរបាលប៉ុស្តិ៍អំពីជំនាញការការពារកន្លែងកើតហេតុ ។
៤.ករណីលួច-ករណីបង្ករឲ្យមានមនុស្សរបួស-ស្លាប់-រំលោភសេពសន្ថវៈ និងករណីអគ្គីភ័យ ចាំបាច់ត្រូវមានមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចូលរួមក្នុងការស៊ើបអង្កេតប្រមូលចាប់យកវត្ថុតាងនៅកន្លែងកើតហេតុ ។
៥.ករណីជនបរទេស និងជនមិនស្គាល់អត្តសញ្ញាណស្លាប់ ដោយមូលហេតុផ្សេងៗ ត្រូវប្រគល់សំណុំករណីនេះទៅការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ។
៦.ថតរូបជនសង្ស័យទៅតាមគោលការណ៍ជំនាញ ដែលមានផ្ទាំងម៉ែត្របញ្ឈរចែកជូនស្រាប់ ។
៧.គ្រប់កន្លែងកើតហេតុត្រូវតែហ៊ុំព័ទ្ធតាមគោលការណ៍ណែនាំជំនាញ ដោយខ្សែការ
ពារដែលបានចែកជូនស្រាប់ ។
៨.មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ត្រូវយករបាយការណ៍លទ្ធផលកោសល្យវិច័យរបស់ខ្លួនដាក់ចូលក្នុងសំណុំរឿង ។
៩.រាល់វត្ថុតាងដែលប្រមូលបានពីកន្លែងកើតហេតុ ត្រូវតែវេចខ្ចប់ ថែរក្សា ដឹកជញ្ជូនមកកាន់អង្គភាព ឬ មន្ទីរពិសោធន៍ តាមគោលការណ៍ជំនាញ និងរក្សាការសម្ងាត់គ្រប់ឯកសារជំនាញ ។
១០.នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ត្រូវចុះត្រួតពិនិត្យលើការ
កសាងឯកសារជំនាញ និងកោសល្យវិច័យ DNA របស់ការិយល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុង០៦ខែម្តង ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ សូមកោតសរសើរចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា និងសហការី ដែលបានខិតខំឲ្យមានវគ្គនេះឡើង និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ព្រមទាំងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ដែលបានរៀបចំផ្តល់ទីកន្លែងសម្រាប់ការរៀនសូត្រ,ស្នាក់នៅ បានល្អប្រសើរតាំងពីដើមរហូតដល់ចប់៕