ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំធំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីបិទបញ្ចប់កិច្ចសវនកម្មរួចមក លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំផ្សព្វផ្សាយលម្អិតអំពីផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅនាថ្ងៃទី១៥-១៦ និង១៧ ខែតុលា ឆ្នាំ២០២៤ នៅក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង ។
ចូលរួមក្នុងកិច្ចប្រជុំមានលោក លោកស្រី ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរ បាលក្រុង ស្រុក និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនទៀត ។
ផ្អែកតាមស្ថានភាពជាក់ស្តែង ក្នុងពិធីបុណ្យនេះ គិតចាប់ពីថ្ងៃនេះតទៅ ចរាចរណ៍នៅសង្កាត់ស្វាយប៉ោទាំងមូល និងសង្កាត់រតនៈមួយផ្នែក មានការមមាញឹកខ្លាំង ដែលតម្រូវឱ្យមានការបិទចរាចរណ៍នៅផ្នែកខ្លះ ចំពោះយានយន្ត ដែលបញ្ហានេះ សូមការយោគយល់ពីមហាជនដែលធ្វើចរាចរណ៍នៅចំណុចទាំងនោះ ជាពិសេសការឆ្លងកាត់ស្ពាន ក្នុងសង្កាត់ទាំងពីរ ដែលភារកិច្ចនេះសមត្ថកិច្ចនគរបាលត្រូវធានារ៉ាប់រងឱ្យខាងតែបានពីពេលនេះរហូតចប់កម្មវិធីបុណ្យជាស្ថាពរ៕