បាត់ដំបង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៧និង២០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីប្លន់ (កាប់យកម៉ូតូ) មួយកើតឡើង ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ០៤នាក់ ១-ឈ្មោះ សេង អត្ថៈវីរៈ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២-ឈ្មោះ ឡាត់ អ៉ី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិកៀនកេស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៣-ឈ្មោះ ទុន ឆានុន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និង៤-ឈ្មោះ ពុន ប៊ុនថៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង យកមកសាកសួរនៅស្នងការដ្ឋានខេត្តបាត់ដំបង ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្តរហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១:៥៥នាទី ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកម្លាំងសមត្ថកិច្ចឈានដល់នាំខ្លួនបានជនសង្ស័យ ចំនួន ០២នាក់ទៀត ១-ឈ្មោះ ប៊ុន គង់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២-ឈ្មោះ អុល ឧសភា ហៅអ៊ូក ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ សំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង យកមកសាកសួរនៅស្នងការដ្ឋានខេត្តបាត់ដំបង ។
សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២២:០១នាទី ជនសង្ស័យខាងលើឈ្មោះ ប៊ុន គង់ ភេទប្រុស អាយុ២១ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង មានគ្នា០៣នាក់ ម៉ាកហុងដា PCX ចេញពីផ្ទះសំណាក់លីហុក ទៅម្តុំមន្ទីរ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងគោលបំណងគម្រាមកាប់ និងយកម៉ូតូ ០១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM-2371 ដែលជារបស់ជនរងគ្រោះ ឈ្មោះ អ៊ុន ករុណា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយគេចខ្លួនបាត់។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពកាប់យកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានរួមមាន៖
-ម៉ូតូចំនួន ០២គ្រឿង ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕