ពោធិ៍សាត់ ៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ ដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយវិហារចាម ស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០និង៤៩នាទី។
លោកអធិការ មោក ភារម្យ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ភាព មេសា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកប៉ាស់ ឃុំឈេីតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ទម្ងន់ ០,៧៣ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃចំនួន១គ្រឿង ,ថង់សម្រាប់រំលែកថ្នាំញៀន១ចំនួន ,សម្ភារៈជក់មួយកំប្លេរ ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន១។ បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំនីតិវិធី៕