បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធី បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការ, ប្រធាន-អនុប្រធាននាយកដ្ឋានសរុបផែនការ, ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ស្នងការរង នាយការិយាល័យ លោកអធិការ-អធិការរងក្រុងស្រុកទាំង៩ និងសិក្ខាកាមសរុបចំនួន ១៣៥នាក់ (ស្រី២៦នាក់)។
វគ្កសិក្សានេះ មានរយៈពេលចំនួន១២ថ្ងៃ គិតចាប់បីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការស្តីទី បានរាយការណ៍សង្ខេបអំពីការងារបណ្តុះបណ្តាលមន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កន្លងមកថា៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល ក្នុងនោះ៖ ១/-វគ្គក្រៅប្រទេស(វៀតណាម)ចំនួន២២វគ្គ សិក្ខាកាមចំនួន៥១នាក់ ស្រី៣នាក់។ ២/-វគ្គសិក្សានៅក្នុងប្រទេសសិក្សានៅបណ្ឌិត្យសភានគរបាលចំនួន៧វគ្គសិក្ខាម ចំនួន២៤នាក់, វគ្គសិក្ខានៅសាលានគរបាលជាតិភូមិភាគ៤ចំនួន២វគ្គ សិក្ខាកាមចំនួន៨៣នាក់ ស្រី៥នាក់, វគ្គសិក្ខានៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាមចំនួន៨វគ្គ សិក្ខាកាមចំនួន២៣នាក់, សិក្សានៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែនគោកចំនួន១វគ្គសិក្ខាកាមចំនួន២៤នាក់។ ៣/-វគ្គបណ្តុះបណ្តាលនៅនឹងស្នងការដ្ឋានចំនួន៣វគ្គ សិក្ខាកាមចំនួន១០៥នាក់ និងវគ្គហ្វឹកហ្វឺនជំនាញនៅបញ្ជាការដ្ឋានងរាជអាវុធហត្ថខេត្ត១វគ្គ សិក្ខាកាមចំនួន៤៧នាក់។ ជាមួយគ្នានោះដែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដោយអនុវត្តតាមផែនការលេខ១៥០ ផក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ របស់អគ្គស្នងការនគរបាលជាតិ ស្តីការរៀបចំវគ្គបំប៉នការងារដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកវគ្គបំប៉នការងារដឹកនាំដល់ស្នងការរងនៃស្នងការដ្ឋានមកពី៤ខេត្តគឺ ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់ និងខេត្តប៉ៃលិន ដែលមានសិក្ខាកាមជាស្នងការរងសរុបចំនួន១០២នាក់ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល បានធ្វើសេចក្តីរាយការណ៍អំពីការងារសិក្សាតាមកម្មវិធីដែលបានគ្រោងទុកដោយចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួមសរុបចំនួន១៦១នាក់ ស្រី៣៣នាក់នាក់ ក្នុងនោះមន្ត្រីមកពីការិយាល័យជំនាញចំនួន២៦នាក់ ស្រី៧នាក់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល១៣៥នាក់ ស្រី២៦នាក់ ជាមួយនោះតាមមុខវិជ្ជារៀនមួយចំនួនក៏មានលោកស្នងការរង ថ្នាក់ការិយាល័យ និងថ្នាក់អធិការចូលរួមចំនួន២៣៤នាក់ ស្រី ៨នាក់ ដោយសិក្សាលើសំខាន់ៗមេរៀនចំនួន១០មេរៀន ។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា៖ បើយោងតាមលទ្ធផលប្រលងសំណួរចំលើយជ្រើសរើស និងតាមការពិនិត្យរបស់គណៈគ្រប់គ្រងវគ្គ និងក្រុមការងាររបស់នាយកដ្ឋាន ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន៦០នាក់, និទ្ទេសល្អបង្គួរចំនួន៨៨នាក់ និងនិទ្ទេសមធ្យមចំនួន១៣នាក់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍អង្គភាព អង្គភាពចំណុះ រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លី ខាងលើជូនដល់មន្ត្រីនគរបាលរដ្ឋបាល គួរជាទីមោទនៈ។ ឯកឧត្តមបន្ថែថា មន្ត្រីនគរបាលទាំងអស់ដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះទៅអនុវត្តផ្ទាល់ បម្រើការងារជូនអង្គភាពខ្លួន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងមានទំនាក់ទំនងល្អជាមួយពួកគាត់។
ទន្ទឹមគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានក្រើនរំលឹកដល់កងកម្លាំងគរបាលទាំងអស់ត្រូវបន្តស្វែងយល់បន្ថែម ពិសេសចំណេះដឹងផ្នែកពត៌មានវិទ្យា ពង្រឹងទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម៕