លោក Lee Tae Hoon គ្រូបង្វឹកក្រុមកម្ពុជាបង្ហើបថា សមត្ថភាពប្រយុទ្ធកូនក្រុមរបស់លោកដែលមិនអាចស៊ុតចូលទីរបស់ប៊្រុយណេនៅវគ្គទី២គឺដោយសារកីឡាករថមថយកម្លាំងខ្លាំងពេក បន្ទាប់ពីវាយសម្រុកខ្លាំងនៅវគ្គទី១ដែលជាលទ្ធផលឈ្នះត្រឹម៣-០ ក្នុងវគ្គជម្រុះ AFF Suzuki Cup កាលពីយប់មិញ។
លោក Lee Tae Hoon

ជាការពិតអ្នកគាំទ្រគ្រប់រូបមើលឃើញថា កម្ពុជាមានឱកាសរកគ្រាប់បាល់បានច្រើនជាង៣គ្រាប់ បន្ទាប់ពីត្រឹមវគ្គទី១កម្ពុជាអាចបង្កើតការនាំមុខរហូត៣-០។ ចំណែកនៅវគ្គទី២មិនអាចបន្ថែមគ្រាប់បាល់បាននោះឡើយពោលគឺចប់៩០នាទីនៅតែរក្សាលទ្ធផល ៣-០ដដែល។

បញ្ហានេះគ្រូបង្វឹករបស់កម្ពុជារូបនេះបានឲ្យដឹងថា កម្លាំងនិងសមត្ថភាពប្រយុទ្ធកីឡាកររបស់លោក នៅមិនទាន់ល្អដល់កម្រិតដែលលោកចង់បាននោះទេ។ ច្បាស់ណាស់លោកក៏បានមើលឃើញដែរថា ឱកាសរបស់កម្ពុជាយប់មិញគួរតែបានច្រើនគ្រាប់ជាងនេះ ដើម្បីបង្កើនក្ដីរំពឹងឲ្យកាន់តែខ្ពស់ក្នុងការឆ្លងទៅវគ្គចែកពូល។

គ្រូបង្វឹកដែលចូលខ្លួនមកដឹកនាំកម្ពុជាកាលពីឆ្នាំ២០១០រូបនេះបន្ថែមថា អ្វីដែលសំខាន់កម្លាំងកីឡាករទាំងអស់ហាក់ថយខ្លាំងនៅវគ្គទី២ បន្ទាប់ពីពួកគេប្រឹងលេងអស់ពីសមត្ថភាពខ្លាំងនៅវគ្គទី១។ ចំពោះទម្រង់ប្រយុទ្ធនៅវគ្គទី២ ដែលលោកបានធ្វើការប្ដូរកីឡាករសំខាន់ៗ មួយចំនួនចេញមានដូចជា ចាន់ វឌ្ឍនាកា និងប្រាក់ មុន្នីឧត្ដម នោះគឺគិតទៅលើបញ្ហារបួស និងភាពជាក់ស្ដែងលើទីលាន។

ក្នុងចំណោម២ប្រកួតកម្ពុជាកំពុងមាន ៦ពិន្ទុឈរលើគេ។ ចំណែកឡាវនិងប្រ៊ុយណេមាន៣ពិន្ទុដូចគ្នា ខណៈទីម័រខាងកើតមាន០ពិន្ទុ។ ប្រកួតទី៣កម្ពុជាត្រូវការត្រឹមស្មើក៏អាចឡើងទៅវគ្គចែកពូលនៃពានរង្វាន់ខាងលើនេះដែរ ស្របពេលឡាវ និងប្រ៊ុយណេត្រូវប្រជែងគ្នាយក៣ពិន្ទុដាច់ខាត ដើម្បីបន្តក្ដីសង្ឃឹមរៀងៗខ្លួន ក្នុងករណីកម្ពុជាទទួលលទ្ធផលមិនល្អជាទីម័រខាងកើតនាប្រកួតចុងក្រោយ៕